សំនួរចម្លើយញឹកញាប់

សំណួរ៖ តើការបង្កើតវិបសាយរបស់លោកបណ្ឌិត កែម ឡី ក្នុងគោលបំណងអ្វីដែរ?
ចម្លើយ៖
គេហទំព័រ www.kemleyresearcher.com គឺជាវិបសាយផ្លូវការរបស់លោកបណ្ឌិត កែម ឡី។ ការបង្កើតវិបសាយរបស់លោកបណ្ឌិត គឺជាក្តីបំណងប្រាថ្នារបស់គាត់មុនពេលដែលគាត់បាត់បង់ជីវិត។ គាត់តែងតែចង់ ចងក្រងឯកសារដែលគាត់បានស្រាវជ្រាវ បទវិភាគ និងការសំភាសន៍នានាពីបណ្តាសារព័ត៌មានមកទុកសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយមើល ជាពិសេសអ្នកដែលចង់ធ្វើនយោបាយ ដោយពឹងលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។

លោកបណ្ឌិត កែម ឡី ស្រឡាញ់ពាក្យថា “អ្នកស្រាវជ្រាវ” ដូច្នេះហើយទើបគាត់ដាក់ឈ្មោះវិបសាយរបស់គាត់ថា “Kem Ley Researcher”។

សំណួរ៖ ខ្ញុំរកមិនឃើញឯកសាររបស់លោកបណ្ឌិត ដែលខ្ញុំចង់រកនោះទេ។
ចម្លើយ៖
អ្នកអាចរកមិនឃើញដោយសារតែ យើងខ្ញុំមិនមានឯកសារនោះទេ និងយើងខ្ញុំមានតែមិនមានការអនុញ្ញាតឲ្យផ្សព្វផ្សាយនោះទេ។ បើអ្នកយល់ថា ឯកសារនោះជាឯកសាររបស់លោកបណ្ឌិត ដែលអាចផ្សព្វផ្សាយជាសាធារណៈបាន លោកអ្នកផ្ញើឯកសារនោះមកយើងខ្ញុំតាមរយៈអាស័យដ្ឋានអ៉ីម៉ែលខាងក្រោម។

សំណួរ៖ ខ្ញុំចង់រាយការណ៍ពីកំហុសឆ្គងវិបសាយ។
ចម្លើយ៖
សូមអរគុណណាស់ដែលបានជួយផ្តល់មិតិត្រឡប់ពីវិបសាយនេះ។ លោកអ្នកអាចផ្ញើកំហុសឆ្គងទាំងនោះ តាមអ៉ីម៉ែលខាងក្រោម។

សំណួរ៖ តើឯកសាររបស់គាត់រក្សាបានយ៉ាងដូចម្តេច?
ចម្លើយ៖ អ្វីដែលយើងខ្ញុំអាចប្រាប់បាននៅទីនេះគឺថា វត្តមានរបស់ពលរដ្ឋដែលទៅមើលសពលោក បណ្ឌិត នៅស្តាម៉ាត កាល់តិច គឺជាអ្នកការពាររក្សាឯកសារនេះ។ បើសិនជាមិនមានពលរដ្ឋទៅច្រើនទេ ម្ល៉េះឯកសារនេះអាចនឹងបាត់បង់ទៅហើយ។

សំណួរ៖ តើឯកសារលោក បណ្ឌិត កែម ឡី មានអ្វីខ្លះ?
ចម្លើយ៖ ឯកសាររបស់លោក បណ្ឌិត កែម ឡី មានច្រើន ពោលគឺចាំតាំងពីឆ្នាំ ២០១២ រហូតមកដល់ឆ្នាំ ២០១៦។ នៅក្នុង ឧបករណ៍ផ្ទុកទិន្នន័យ របស់លោក បណ្ឌិត កែម ឡី ដែលគាត់មានបន្សល់ទុកឲ្យនោះ គឺបានរៀបចំយ៉ាងល្អតាមលំដាប់ឆ្នាំ ២០១២ ២០១៣ ២០១៤ ២០១៥ និង ២០១៦ នៃថតឯកសារ។ ឯកសារទាំងនោះមានដូចជា ការស្រាវជ្រាវរបស់អង្គការជាតិ និងអន្តរជាតិ ឯកសារវាយតម្លៃគម្រោងនានា ឯកសារមេរៀនបង្រៀន ឯកសារវិភាគ ឯកសារលក្ខខណ្ឌតិកៈគណបក្សនយោបាយ ឯកសារផែនការការដឹកនាំប្រទេស និងឯកសារមួយចំនួនទៀត។

សំណួរ៖ តើគួរជឿបានទេថាឯកសារដែលបានផ្សព្វផ្សាយនេះ គឺជាឯកសាររបស់គាត់ឬយ៉ាងណា?
ចម្លើយ៖ មានឯកសារមួយចំនួនយើងមិនអាចបញ្ចាក់បានថាជារបស់គាត់ ឬរបស់ស្ថាប័នណានោះទេ។ លោក បណ្ឌិត បានបាត់បង់ជីវិតទៅហើយ គាត់មិនអាចមកបញ្ចាក់បាននោះទេ ដូច្នេះ ការសម្រេចចិត្តថា ឯកសារទាំងនេះជារបស់គាត់ ឬមិនមែន គឺស្ថិតនៅលើការជឿជាក់របស់ខ្លួនយើងហើយ។ យើងខ្ញុំគ្រាន់ តែដងស្រង់យកឯកសារដែលយើងខ្ញុំទទួលបានពីក្រុមគ្រួសារលោកបណ្ឌិតមកផ្សព្វផ្សាយបន្តប៉ុណ្ណោះ។

សំណួរ៖ ខ្ញុំចង់រួមចំណែកជួយ តើខ្ញុំគួរធ្វើបែបណា?
ចម្លើយ៖ សូមអរគុណណាស់ យើងខ្ញុំពិតជាត្រូវការជំនួយមួយចំនួន តែមិនមែនជាថវិការនោះទេ។ លោកអ្នកអាចជួយយើងខ្ញុំដូចជា៖

- អ្នករចនារូបភាព៖ យើងត្រូវការជំនួយក្នុងការរចនារូបភាព បែបជាសម្រង់សម្តី
- អ្នកធ្វើវិដេអូ៖ ផលិតវិដេអូខ្លីៗរបស់លោកបណ្ឌិត សម្រាប់ដាក់លើទំព័រ ហ្វេសប៊ុករបស់គាត់ និង យូធូប
- អ្នកស្វែងរកឯកសារ៖ នៅមានឯកសារ ជាបទសំភាសន៍ ទាំងសំឡេង វិដេអូ និងអត្ថបទជាច្រើនដែលបានសំភាស លោកបណ្ឌិត ហើយយើងចង់បានឯកសារទាំងនោះដើម្បីផ្ទុកលើវិបសាយរបស់គាត់ដែរ។ លោកអ្នកអាចសរសេរមកកាន់អ៉ីម៉ែលលោកបណ្ឌិតដូចបានបង្ហាញខាងក្រោម បើសិនជាចាប់អារម្មណ៍ជួយយើងខ្ញុំផ្នែកណាមួយ។

សំណួរ៖ ហេតុអ្វីមិនផ្សព្វផ្សាយភ្លាមៗក្រោយលោកបណ្ឌិតស្លាប់?
ចម្លើយ៖ ស្ថានភាពពេលនោះមិនទាន់អំណោយផលនោះទេ។ ឯកសារលោកមានច្រើន ដែលតម្រូវឲ្យជ្រើសរើសមកផ្សព្វផ្សាយដោយសារ ឯកសារជារបាយការណ៍មួយចំនួនជារបស់ស្ថាប័នដែលមិនមែនជារបស់លោកបណ្ឌិតនោះទេ ហើយយើងខ្ញុំមិនអាចផ្សព្វផ្សាយជាសាធារណបានទេ បើគ្មានការអនុញ្ញាតពីសាមីស្ថាប័ន។ តែក៏មានស្ថាប័នមួយចំនួនយល់ព្រមឲ្យយើងផ្សព្វផ្សាយរបាយការណ៍ដែលលោកបណ្ឌិតបានធ្វើឲ្យពួកគេដែរ។


សំណួរ៖ តើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់លោក បណ្ឌិត កែម ឡី មាន អ្វីខ្លះទៅ?
ចម្លើយ៖ ទំព័រហ្វេសប៊ុក៖ www.facebook.com/kemleyresearcherofficial
គណនី twitter៖ www.twitter.com/kemleyofficial
វិបសាយ៖ www.kemleyresearcher.com
អ៉ីមែល៖ [email protected]

សំណួរ៖ តើអ្នកណាជាអ្នកគ្រប់គ្រង ទំព័រផ្លូវការរបស់លោកបណ្ឌិតបច្ចុប្បន្ន?
ចម្លើយ៖ ទំព័រហ្វេសប៊ុកនេះ គឺគ្រប់គ្រងដោយអ្នកដែលស្រឡាញ់ និងគោរពលោកបណ្ឌិត កែម ឡី ដូចអ្នកទាំងអស់គ្នាដែរ។

សំណួរ៖ តើមូលហេតុអ្វីបានហ៊ានអះអាងថាទំព័រនេះជាទំព័រផ្លូវការរបស់លោកបណ្ឌិត កែម ឡី?
ចម្លើយ៖ តាំងពីថ្ងៃបង្កើតទំព័រនេះ និងក្រោយលោកបណ្ឌិតមរណភាពទៅ ទំព័រនេះមិនត្រូវបានគ្រប់គ្រងដោយអ្នកណាផ្សេងឡើយ ក្រៅតែពីរូបលោកបណ្ឌិត កាលនៅរស់ និងយើងខ្ញុំនោះទេ។ នាពេលថ្មីៗនេះ យើងខ្ញុំបានទាក់ទងទៅកាន់ក្រុមហ៊ុន ហ្វេសប៊ុកដើម្បីទទួលបាននូវការកំណត់សំគាល់ទំព័រផ្លូវការ (blue tick/page verification) ដោយមាន ការសហការពីលោកស្រី ប៊ូ រចនា ជាភរិយារបស់លោកបណ្ឌិតផងដែរ។ គោលបំណងមួយក្នុងគោលបំណងជាច្រើនដែលលោកបណ្ឌិតចង់បាននោះ គឺការទទួលបានការទទួលស្គាល់ជាផ្លូវការថា ទំព័រនេះគឺជាទំព័ររបស់លោកពិតប្រាកដមែន។ លោកបណ្ឌិត បានពិភាក្សាជាមួយយើងខ្ញុំ ថាធ្វើដូចម្តេចដើម្បីកុំឲ្យគេអាចបន្លំទំព័រ ឬគណនីលោកបាន ដោយសារកាលនោះ មានទំព័រជាច្រើនបានបន្លំជាលោក។ យើងខ្ញុំសូមឧទ្ទិសដល់ វិញ្ញាណក្ខ័ន្ធលោកបណ្ឌិតថា យើងខ្ញុំបានសម្រេចបំណងលោកបានមួយហើយ។

សំណួរ៖ តើកាលពីលោកបណ្ឌិតនៅមានជីវិត លោកបណ្ឌិតជាអ្នកផូស និងឆ្លើយតបសារ?
ចម្លើយ៖ ពិតប្រាកដណាស។ បើទោះបីយើងខ្ញុំជាសមាជិកនៃអ្នកគ្រប់គ្រងផេកនេះក៏ពិតមែន យើងខ្ញុំមិនដែលឆ្លើយឆ្លងសារ ឬឆ្លើយតបមតិយោបល់លើទំព័រនេះឡើយ គឺមានតែលោកបណ្ឌិតមួយប៉ុណ្ណោះ។

សំណួរ៖ តើមូលហេតុអ្វីបានជាអាចយកទំព័រនេះមកគ្រប់គ្រងវិញ ក្រោយពីលោកបណ្ឌិតបានត្រូវគេបាញ់ សម្លាប់?
ចម្លើយ៖ ផេកមួយនេះ មិនដែលត្រូវបានអ្នកណាផ្សេងគ្រប់គ្រងក្រៅពីលោកបណ្ឌិត និងយើងខ្ញុំនោះទេ។ ទោះមុនពេលលោកបណ្ឌិត មរណភាព និងរហូតមកដល់ឥឡូវ។ ពេលទទួលដំណឹងពីការបាញ់សម្លាប់ភ្លាម យើងខ្ញុំបានដក (Remove) លោកបណ្ឌិតចេញពីទំព័រនេះភ្លាម។

សំណួរ៖ តើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកបណ្ឌិតអ្នកណាជាអ្នកគ្រប់គ្រង?
ចម្លើយ៖ យើងខ្ញុំមិនបានដឹងទេ ពីព្រោះវានៅជាប់នឹងទូរស័ព្ទលោកបណ្ឌិត ប៉ុន្តែក្រោយលោកបណ្ឌិតត្រូវបានគេធ្វើឃាតប្រមាណជា ៣ខែ យើងខ្ញុំទទួលសេចក្តីរាយការណ៍មកថា គណនីរបស់លោកបណ្ឌិត បានឆាតទៅសួរនាំមិត្តភ័ក្តលោកបណ្ឌិតមួយចំនួនអំពី ដំណើរយុទ្ធនាការ ១០០រាត្រី។ យើងខ្ញុំបានរាយការណ៍ភ្លាមៗទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកឲ្យលុបគណនីនោះចោល ដោយភ្ជាប់ជាមួយនឹងឯកសារដែលបញ្ជាក់ថា លោកបណ្ឌិតបានស្លាប់ទៅហើយ។ ក្រុមហ៊ុនហ្វេសប៊ុកទទួលបាននូវសេចក្តីរាយការណ៍នេះ តែការលុបចោលនូវគណនីរបស់លោកបណ្ឌិត នៅតែមិនទាន់ច្បាស់នៅឡើយ។ បើសិនគណនីរបសលោកនៅតែដំណើរការ សូមផ្តល់ព័ត៌មានមកកាន់ប្រអប់សារ ទំព័រផ្លូវការរបស់លោកបណ្ឌិត ដើម្បីយើងខ្ញុំទាក់ទងទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក។

សំណួរ៖ តើទំព័រហ្វេសប៊ុករបស់លោកបណ្ឌិតនឹងផ្សព្វផ្សាយពីអ្វីបន្ត?
ចម្លើយ៖ យើងនឹងផូសតែឯកសារ និងសំណេររបស់លោក បណ្ឌិត ដែលបានបន្សល់ទុកឲ្យនៅលើទំព័រនេះ។